Thursday, 8 November 2018

សង្ខេបរឿង មាលាដួងចិត្ត

សង្ខេបរឿង៖
           ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប។ ទីឃាវុធជាមនុស្សដែលមានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម។ ពេលវិស្សមកាល ទីឃាវុធបានទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង។ ពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀត។ នាងនោះឈ្មោះចន្ទមណី។ អ្នកទាំងពីរសាសងគ្នាពីនេះពីនោះ ស្រាប់តែរថភ្លើងមកដល់ចំណតតែម្តង។ ទីឃាវុធនឹកស្តាយមិនចង់ឃ្លាតឡើយ។
         បុរសចំណាស់ម្នាក់កំពុងឈររេរា ឈ្មោះទេពកោសល្លវិចិត្រករ ជាឪពុកនាងចន្ទមណីដែលភៀសខ្លួនមកនៅស្រុកខ្មែរ ដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរប្រឆាំងនឹងរដ្ឋាភិបាលសៀម។ នាងចន្ទមណីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធ ដែលបានជួយយកអាសារនាងក្នុងពេលធ្វើដំណើរ។ អ្នកទាំងបីស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅរៀងៗខ្លួន។ ចាប់តាំងពីពេលនោះមក ទីឃាវុធពុំបានជួបមុខនាងចន្ទមណីទៀតទេ។
         ថ្ងៃមួយនៅពេលសម្រាកពីការសិក្សា ទីឃាវុធទៅមើលកុន ស្រាប់តែបានជួបពីរនាក់ឪពុក និងកូនម្តងទៀត។ នាងចន្ទមណីបានបបួលទីឃាវុធទៅលេងផ្ទះនាង។ ចាប់ពីពេលនោះមកទីឃាវុធបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយទីឃាវុធបានខិតខំប្រឹងប្រែងរៀនសូត្រទ្វេឡើង។ ក្នុងឱកាសវិស្សមកាលក្រុមគ្រួសាររបស់នាងចន្ទមណីបានបបួលទីឃាវុធទៅលំហែកាយនៅសៀមរាបអង្គរ។ ពេលធ្វើដំណើរនេះមានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែន។ គូស្នេហ៍ទាំងពីរបានបន់ស្រន់ចំពោះព្រះភក្ត្រព្រះអង្គធំ សូមឲ្យសេចក្តីស្នេហាគេទាំងពីរបានសម្រេចដូចបំណង និងទទួលបាននូវសេចក្តីសុខ។
         ក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ ទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់ជាស្ថាពរ។ គេសប្បាយរីករាយជាពន់ពេក បាននាំដំណឹងល្អនេះទៅប្រាប់នាងចន្ទមណី តែបែរជាធ្វើឲ្យចិត្តនាយប្រែជាស្រពាប់ស្រពោនទៅវិញ ដោយសារនាងចន្ទមណី និងឪពុកត្រឡប់ទៅស្រុកកំណើតវិញព្រោះម្តាយនាងមានជំងឺ ហើយលោកទេពកោសល្លត្រូវរួចពីទោសផង។
          តាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ ចំណែកប្រទេសជាតិក៏មានភាពច្របូកច្របល់ដែរ សាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញ។ ទីឃាវុធសម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការណ៍ក្នុង និងក្រៅប្រទេសមិនស្រួល ហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបាល័ដ្ឋនៅខេត្តពោធិ៍សាត់។
         ទីឃាវុធបានជួលផ្ទះមីងក្អាត់ ពូហ៊ីតស្នាក់អាស្រ័យ។ ការធ្វើការងារនៅខេត្តពោធិ៍សាត់ គេបានជួបប្រទះតែអំពើពុករលួយ ពាលាអាវាសែ។ ម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគី ដែលជាគិញសម្ងាត់នោះថា នាងចន្ទមណី និងឪពុកនាងធ្វើការជាចារបុរស ចារនារី មកយកការណ៍នៅស្រុកខ្មែរធ្វើឲ្យទីឃាវុធមានការខឹងសម្បារជាខ្លាំង ក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ព។
         ការប្រយុទ្ធគ្នាបានផ្ទុះឡើង ធ្វើឲ្យទ័ពខាងយើងមានរបួស និងស្លាប់ជាច្រើននាក់។ ក្នុងចំណោមអ្នករងគ្រោះ ទីឃាវុធត្រូវរងរបួសធ្ងន់ជាងគេ តែត្រូវបាននាងចន្ទមណីបរិច្ចាគឈាមឲ្យ និងព្យាបាលជំងឺ ទើបទីឃាវុធបានជាសះស្បើយ។ ទីឃាវុធមិនបានត្រេកអរចំពោះការជួយសង្គ្រោះជីវិតពីនាងទេ ថែមទាំងបានប្រើសម្តីគំរោះគំរើយ អសីលធម៌ឲ្យនាងថែមទៀតផង តែនាងមិនខឹងនឹងកម្លោះទេ ព្រោះនាងមានហេតុផលច្បាស់លាស់។
          ពេលត្រឡប់ពីសង្គ្រាមវិញ ទីឃាវុធបានទទួលតំណែងជាចៅហ្វាយស្រុកពួក។ ពេលនោះព្រំប្រទល់ខេត្តខ្លះដូចជាបាត់ដំបង មួយភាគនៃពោធិ៍សាត់ខេត្តកំពង់ធំ ស្ថិតនៅក្រោមការកាន់កាប់របស់សៀម ធ្វើឲ្យប្រជាជនមានការលំបាកចេញចូលប្រកបរបរកសិកម្ម កំលោះរូបនេះត្រូវបានបង្ខំចិត្តរាប់អានជាមួយនាយអាំភើ និងនាងចុលានន្ទ ជាជនជាតិសៀម ដោយធ្វើការចេញចូលទៅមកផ្ទះរបស់គេមិនដែលដាច់។

         ថ្ងៃមួយនាយអាំភើបាននាំឪពុកមា និងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរ ទីឃាវុធបានចាត់ចែងជូនដំណើរគ្រួសារនាយអាំភើ ដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួន។ ទីឃាវុធមានការសោកស្តាយណាស់ដោយសម្លាញ់វេគីបានផ្តល់ដំណឹងខុសពីរឿងនាងចន្ទមណីនិងឪពុក។ ទីឃាវុធចង់ធ្វើការសុំទោសនាង តែពុំមានឱកាសសោះ។ ពេលទៅដល់របាយការណ៍ក្រោយពីទទួលទានអាហាររួចចុះងូតទឹក កំពុងតែបណ្តែតអារម្មណ៍ ស្រាប់តែនាងចន្ទមណីហែលទឹកមករកទីឃាវុធចង់សួររឿងរ៉ាវខ្លះៗ។ ទីឃាវុធបាននិយាយសុំទោសនាង តែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មីទេ ព្រោះគេបានសច្ចាចំពោះព្រះភ័ក្រ្តបដិមានៅអង្គរថា បើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យមកខ្មែរវិញ ទើបរាប់អានសៀមជាមិត្តបាន។[...]

No comments:

Post a Comment